via tvk.gov.kh, 17 April 2020: Article in Khmer about the restoration of a Jayavarman VII hospital.
ប្រាសាទព្រៃប្រាសាទឬប្រាសាទតាអួន ជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យ ទាំង១០២ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដែលក សាងឡើងនៅចុងសតវត្សរ៍ទី១២ ។ ប្រាសាទនេះកសាងក្នុងរចនាបថបាយ័ន្ត ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន និងស្ថិតនៅ ប្រមាណ៨០០ម៉ែត្រ ពីជ្រុងពាយ័ព្យនៃកំពែងអង្គរធំ ដែលស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។បច្ចុប្បន្ន រចនាសម្ពន្ធប្រាសាទរងការខូចខាតយ៉ាងដំណំ ដោយសារកត្តាអាយុកាល អាកាសធាតុ និងមនុស្ស ដែលតម្រូវឱ្យមាន ការជួសជុលឱ្យបានទាន់ពេលវេលា ពោលគឺប្រាសាទនេះពុំធ្លាប់ទទួលការជួសជុលនៅឡើយ ។ កញ្ញា គាន បញ្ញាវន្តី ស្ថាបត្យករ នៃគម្រោងជួសជុលប្រាសាទតាអួន របស់នាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថា ប្រាសាទកំពុងប្រឈមនឹងហានិភ័យខ្ពស់។ កត្តាចម្បងដែលធ្វើឱ្យប្រាសាទទទួលរងការខូចខាតគឺបង្កដោយមនុស្ស ។ ដើម្បី សង្គ្រោះប្រាសាទឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរា បានបើកការដ្ឋានជួសជុល និងរើថ្មនៅច្រកចូលខាងកើត ។ កញ្ញា បញ្ញា វន្តី បានបន្តថា ក្រុមការងារបានបញ្ចប់ការងារសម្រង់ប្លង់ប្រាសាទ ថតរូប និងចងក្រងឯកសាររួចហើយ ។ ចំណែកកិច្ចការបន្ទាប់ គឺរើថ្មដែលក្រៀកនៅផ្នែកខាងកើតចេញដើម្បីជួសជុល និងពង្រឹងឡើងវិញ រួចធ្វើកំណាយស្រាវជ្រាវដើម្បីសិក្សាគ្រឹះ បង្ហាប់គ្រឹះ បន្ទាប់មករៀបចំផ្គុំថ្មទាំងនោះចូលទីតាំងដើម ។ ចុងក្រោយបំផុតគឺក្រុមការងារនឹងសិក្សាលើចំណុច ហានិភ័យនៅជ្រុង ផ្សេងៗ ទៀត ដើម្បីទល់ទ្របន្ទាន់ ឬរុញថ្មនៅផ្នែកខ្លះចូលទីតាំងដើមវិញដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយហានិភ័យរបស់ប្រាសាទ ។អាជ្ញាធរជាតិអប្សរា សូមថ្លែងអរគុណចំពោះប្រជាជនរស់នៅជិតប្រាសាទ អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមសហការសម្រប សម្រួលគ្រប់ឧបសគ្គដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារដំណើរការជួសជុលលើកតម្លៃប្រាសាទតាអួនទុកជាសម្បត្តិរបស់ខ្មែរគ្រប់ៗរូប ។
Source: អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្តើមគម្រោង ជួសជុលប្រាសាទតាអួន | TVK