via Agence Kampuchea Presse, 20 December 2020: Khmer article about EFEO excavations at Angkor Thom, studying the bronze workshop in the royal palace grounds.
ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងសហការី បានចុះពិនិត្យការដ្ឋានកំណាយស្រាវជ្រាវដែលមានទីតាំងនៅព្រះរាជរោងសិត លោហៈ នាជ្រុងពាយ័ព្យនៃក្រុងអង្គរធំ ដែលការចុះត្រួតពិនិត្យនេះបានធ្វើឡើងកាលពីថ្ងៃ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ៧ខែធ្នូឆ្នាំ២០២០។ នេះបើតាមផេក ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។
ប្រភពដដែលបានឱ្យដឹងថា គម្រោងកំណាយនេះមានឈ្មោះថា LANGAU – សិតថ្វាយ ព្រះមហាក្សត្រ ពោលគឺការសិក្សាអំពីលោហកម្មបុរាណនៃរោងជាងសំរឹទ្ធក្នុងព្រះបរមរាជវាំង ក្រុងអង្គរធំ កាលពីអំឡុងសតវត្សរ៍ទី១១ដល់១២នៃគ.ស។ ហើយគោលបំណងសំខាន់របស់ គម្រោងនេះ គឺដើម្បីកំណត់ពីប្រភព នៃការផ្គត់ផ្គង់ ធាតុទង់ដែងទាំងនៅក្នុងស្រុកខ្មែរនាសម័យ បុរាណ និងនាំចេញទៅកាន់ប្រទេសជិតខាងផង។
Source: akp.gov.kh