via Post Khmer, 05 September 2023: Cambodian authorities have recovered 1,729 artifacts dating between 300 and 400 years old from the seabed, offering new insights into the country’s historic maritime trade. Article is in Khmer.
លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែសីហាថា ក្រសួងទទួលវត្ថុបុរាណជាកុលាលភាជន៍ដែលស្រង់ពីបាតសមុទ្រមានអាយុកាលចន្លោះពី ៣០០ ទៅ ៤០០ ឆ្នាំ ជាទិន្ន័យបឋមចំនួន ១ ៧២៩ កាលពីថ្ងៃទី ៤ ខែកញ្ញា ពីលោក លី ហួត មេបញ្ជាការនៃបញ្ជាការដ្ឋានជួរមុខនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនៅខេត្តព្រះសីហនុ កាលពីដើមសប្តាហ៍នេះ។
លោកបន្តថា វត្ថុបុរាណកុលាលភាជន៍ទាំងនោះត្រូវផ្ញើនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុសិនដើម្បីពិនិត្យផ្ទៀងផ្ទាត់រាប់ចំនួន សម្រាប់បែងចែកទៅតាមប្រភេទកុលាលភាជន៍នីមួយៗ។ កុលាលភាជន៍ភាគច្រើនជាក្រឡ ពាងត្រចៀក ៤ ក្រឡត្រចៀក ៤ ផើង និងខួច [ដបតូចមូលមាត់ធ្វើដោយដី]។
លោកបញ្ជាក់ថា កុលាលភាជន៍ទាំងអស់នោះ ភាគច្រើនធ្វើពីដីដុតដែលគេដុតក្នុងសីតុណ្ហភាពខ្ពស់ និងមានស្រទាប់រលោង ហើយមានកុលាលភាជន៍មួយចំនួនដុតក្នុងសីតុណ្ហភាពទាប។ ក្រៅពីកុលាលភាជន៍នេះក៏នៅមានភ្លុកដំរីពុកផុយធំចំនួន១ និងមានបំណែកដំឈើ ដែលក្រុមអ្នកជំនាញក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងសិក្សាបន្ថែមទៀត។ ចំពោះដុំឈើវិញបើតាមក្រុមអ្នកជំនាញបានធ្វើការសន្និដ្ឋានបឋមថា អាចជាផ្នែកខ្លះនៃតួសំពៅឬមួយជាឈើដែលគេប្រើប្រាស់ក្នុងសំពៅដែលលិចនោះ។